ឯកឧត្តម ម៉ៅ ធនិន បើកវគ្គអប់រំនយោបាយ លើកទី១ ជូនសមាជិកគណបក្សប្រជាជនកម្ពុជា ៨២រូប តាមបណ្តាសាខាគណបក្សមន្ទីរអង្គភាពជុំវិញខេត្ត

sovanney lor | សីហា ១៨, ២០១៧ ១:០៥ ល្ងាច


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកវគ្គអប់រំនយោបាយ របស់គណបក្សខេត្ត លើកទី១ ឆ្នាំ២០១៧ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាសាខាគណបក្សមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានសិក្ខាកាមចូលរួមចំនួន៨២រូប ក្នុងនោះស្រី២៧រូប នៅស្នាក់ការគណបក្សប្រជាជនខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍ថា វគ្គបំប៉នខាងលើនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០១៧ តាមរយៈការសម្របសម្រួលពីគ្រូឧទ្ទេសនាម ដែលមានបទពិសោធន៍ ៥រូប ផ្តោតទៅលើមេរៀនសំខាន់ចំនួន៥ រួមមាន៖ ១-គណបក្សប្រជាជនកម្ពុជា និងប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍ នៃការដឹកនាំ របស់គណបក្ស។ ២-គោលការគ្រឹះ នៃកម្មវិធីនយោបាយរបស់គណបក្ស។ ៣-ការងារយល់ដឹងមួយចំនួន អំពីលក្ខណន្តិកៈ គណបក្សប្រជាជនកម្ពុជា។ ៤-សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ។ ៥-ការកសាងអត្តចរិក សីលធម៌ល្អប្រពៃ របស់មន្ត្រីគណបក្ស។ នូវរាល់ខ្លឹមសារទាំងអស់នេះ ទាមទាឱ្យមន្ត្រី ជាសមាជិក សមាជិកាបក្សទាំងអស់ ស្ថិតនៅវ័យក្មេង និងមានចំណេះដឹងខ្ពង់ខ្ពស់ ដែលបាននឹងកំពុងបម្រើការងារនៅតាមមន្ទីរ អង្គភាព ខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ ដើម្បីឱ្យការយល់ដឹងកាន់តែស៊ីជម្រៅ ហើយមិនចង់ឃើញយុវជនជាធនធានមនុស្សដ៏សំខាន់នោះ ត្រូវបានគេបង្វិល អូសទាញ ពុំមានមូលដ្ឋានច្បាស់លាស់ ប៉ះពាល់ដល់កិត្តិយសខ្លួន និងក្រុមគ្រួសារនោះឡើយ។

ឯកឧត្តមបានជម្រាបជូនដែរថា គណបក្សប្រជាជនកម្ពុជា បានប្រសូត្រចេញពីចលនាតស៊ូ និងបានបដិសន្ធិឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថាបក្សប្រជាជនបដិវត្តខ្មែរ  ឆ្លងកាត់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្រជាច្រើន និងប្រកាន់ភ្ជាប់ឥតប្រែប្រួល នូវឧត្តមគតិរបស់ខ្លួននោះ គឺឈរនៅខាងប្រជាជន រួមសុខរួមទុក្ខគ្រប់កាលៈទេសៈ ជម្នះគ្រប់ឧបសគ្គឥតរុញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធចាត់តាំងពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋានទូទាំងប្រទេស គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានធ្វើឱ្យសង្គមជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាងនេះទៅទៀតគណបក្សប្រជាជនកម្ពុជា តែងតែធ្វើការបណ្តុះបណ្តាល អប់រំឱ្យមន្ត្រីគ្រប់ៗរូប សាងតែនូវអំពើល្អ បង្កើននូវចំណងសាមគ្គីឯកភាព ដូចថែរក្សាក្រសែភ្នែករបស់ខ្លួន​ ឱ្យស្របទៅនឹងកេរ្តិ៍ឈ្មោះថា គឺជាគណបក្សចាស់ទុំខាងនយោបាយ។

ឯកឧត្តមបានរំលឹកថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ហេតុនេះសូមឱ្យសមាជិក សមាជិកាបក្ស ត្រូវមានទស្សនៈ និងគោលនយោបាយ កាន់តែមានប្រសិទ្ធិភាព និងកាត់បន្ថយភាពអសកម្ម ហើយតាមរយៈ នៃការសិក្សារយៈពេល៣ថ្ងៃនេះ សូមយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស និងគោរពពេលវេលា រួមទាំងការពិភាក្សាឱ្យបានក្បោះក្បាយ ស៊ីជម្រៅ ទៅតាមក្រុម និងបុគ្គលម្នាក់ៗឲ្យកាន់តែប្រសើរឡើងថែមទៀត៕ (Ti Amo)

IMG_5957 IMG_5959 IMG_5964 IMG_5966 IMG_5968 IMG_5972 IMG_5974 IMG_5976 IMG_5979 IMG_5982 IMG_5983 IMG_5987 IMG_5988 IMG_5990 IMG_5997

 






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧