សិស្សជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ចំនួន៣៧៨នាក់ នៅសាលាបឋមសិក្សាពោធិ៍សាត់ ទទួលលិខិតសសើរ និងរង្វាន់លើកទឹកចិត្ត ក្នុងពិធីបិទបវេសនកាលឆ្នាំសិក្សា២០១៧

sovanney lor | សីហា ១៨, ២០១៧ ៦:១១ ល្ងាច


(ពោធិ៍សាត់)៖ ដោយមានការចូលរួមជួយឧបត្ថម្ភជាសម្ភារះ និងថវិការពីសំណាក់ មាតាបិតា អាណាព្យាបាលសិស្ស សប្បុរសជន អាជីវករ ពាណិជ្ជករ និងមន្ទីរស្ថាប័ននានាជុំវិញខេត្តនោះ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ សាលាបឋមសិក្សាពោធិ៍សាត់បានរៀបចំធ្វើពិធីចែករង្វាន់ និងលិខិតសរសើរ ដល់សិស្សានុសិស្ស ដែលរៀនជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ក្នុងដំណាច់ឆ្នាំសិក្សា២០១៦‑២០១៧ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

លោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់ មានប្រសាសន៍ថា វត្តមានរបស់គណៈអធិបតី និងអស់លោក លោកស្រីទាំងអស់ ជាអាណាព្យាបាលនាពេលនេះ បានជម្រុញលើកទឹកចិត្តឲ្យកូនៗ មានភាពកក់ក្ដៅ និងកាន់តែខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។ ធ្វើខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងចេះគោរពតាមគន្លងម៌ាគា ជាមនុស្សសកល ដែលមានលក្ខណៈប្រាំយ៉ាងគឺ៖ ភាពស្អាត មានរបៀបរៀបរយល្អ មានអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ គោរពពេលវេលា និងសម្មាធិ។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងទិសដៅចម្បង របស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤‑២០១៨ ដែលបានកំណត់គោលនយោបាយសំខាន់ៗពីរគឺ៖ ទី១-ធានាឲ្យការអប់រំមានគុណភាព បរិយាប័ន្ន សមធម៌ និងកាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។ ទី២-ធានាភាពសក្កិសិទ្ធ នៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ លោក ឆេង រិទ្ធ ក៏បានជម្រាបជូនផងដែរថា  សាលាបឋមសិក្សាពោធិ៍សាត់ មានថ្នាក់រៀនសរុប៥៥ថ្នាក់ មានសិស្សចំនួន២២៣៨នាក់ ស្រី១០៥០នាក់។ សិស្សជាប់មធ្យមភាគ២០៧០នាក់ សិស្សធ្លាក់មធ្យមភាគ១៤១នាក់និងសិស្សបោះបង់ការសិក្សា២៧នាក់។ ដោយឡែកសិស្សជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ដែលត្រូវទទួលលិខិតសរសើរ និងរង្វាន់លើកទឹកចិត្តនាពេលនេះ មានចំនួន៣៧៨នាក់ ក្នុងនោះស្រី២០៧នាក់។

លោក ខូយ រីដា អភិបាលរងខេត្ត បានកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមាតាបិតាសិស្ស ដែលបានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួន តាំងពីដើមឆ្នាំរហូតដល់ដំណាច់ឆ្នាំសិក្សា លើការផ្ដល់សេវាអប់រំដល់សិស្សានុសិស្សប្រកបដោយសមត្ថភាព។ រួមចំណែកយ៉ាងធំធេងក្នុងការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ លើការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ថ្មី ប្រកបដោយគុណធម៌ខ្ពស់ និងលក្ខណៈសម្បត្តិជាពលរដ្ឋសកល។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះកូនៗជាសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់ដំបូន្មានឪពុកម្ដាយ និងលោកគ្រូអ្នកគ្រូ រហូតទទួលបានលទ្ធផលល្អនាដំណាច់ឆ្នាំសិក្សា២០១៧នេះ។ សម្រាប់ឆ្នាំសិក្សាបន្ត កូនៗត្រូវខិតខំរៀនសូត្រឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ដើម្បីជាគ្រឹះដ៏រឹងមាំ ឈានទៅមធ្យមសិក្សា និងឧត្តមសិក្សា ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ព្រោះយើងជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ។

លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ជួយចូលរួមអភិវឌ្ព្យន៍សាលារៀន និងអប់រំកូនចៅឲ្យខិតខំរៀនសូត្រ ស្រលាញ់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងអរិយធម៌របស់ជាតិយើងឲ្យបានគ្រប់ៗគ្នា។

ក្នុងពិធីបិទបវេសនកាលនេះ ក៏មានការសម្ដែងសិល្បះ របស់សិស្សសាលាបឋមសិក្សាពោធិ៍សាត់ ជូនអំណោយជាការដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ ជូនលិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់សិស្សជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ចំនួន៣៧៨នាក់ផងដែរ៕ (Ti Amo)

20800310_2144718679002497_3028217197039599140_n 20840830_2144719002335798_5817695544439356927_n 20840983_2144719295669102_1646532548224816728_n 20841802_2144719225669109_2919521468152151126_n 20842165_2144718765669155_2621858137078991352_n 20915321_2144719029002462_8450274095635381464_n 20840758_349972992090657_2658179193798756153_n 20841052_349972995423990_152251335035228570_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧