អគ្គនាយករោងចក្រកែច្នៃមើមខ្ញីជ្រក់ នៅខេត្តពោធិ៍សាត់ អំពាវនាវឲ្យប្រជាពលរដ្ឋ នាំគ្នាដាំខ្ញីឲ្យបានច្រើន ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក

sovanney lor | សីហា ២៥, ២០១៧ ៣:៣១ ល្ងាច


(ពោធិ៍សាត់)៖ លោក អ៊ិហ្ស៊ិកាវ៉ា គិអ៊ិឈិ អគ្គនាយករោងចក្រកែច្នៃមើមខ្ញី ជាមើមខ្ញីជ្រក់ អារិច(ខេមបូឌា)ខូ អិល ធី ឌី Factory of Manufacturing Ginger as Pickled Ginger Arix (Cambodia) Co.Ltd ស្តង់ដារប្រទេសជប៉ុន ដែលមានទីតាំងស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីរោងចក្ររបស់លោក បានដំណើរការពីឆ្នាំ២០១៥ រហូតមកដល់ពីនេះ មានរយៈពេល២ឆ្នាំហើយ មិនទាន់មានប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដាំដំណាំនេះ ជាលក្ខណៈទ្រង់ទាយធំ យកមកលក់ឲ្យក្រុមហ៊ុននៅឡើយទេ បើទោះបីជាក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន បំផុសឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាដាំខ្ញីឲ្យបានច្រើនយ៉ាងណាក្តី។

លោក អ៊ិហ្ស៊ិកាវ៉ា គិអ៊ិឈិ បានបន្តថា ក្នុងមួយខែរោងចក្រត្រូវការមើមខ្ញី ពី២ម៉ឺនគីឡូក្រាមឡើងទៅ សម្រាប់ជ្រក់ច្រកក្នុងថង់ប្លាស្ទិក នាំចេញទៅលក់នៅប្រទេសចិន ប្រទេសជប៉ុន ប្រទេសថៃ ប្រទេសវៀតណាម និងមួយផ្នែកទៀតសម្រាប់លក់ក្នុងស្រុក នៅតាមហាងទំនើបៗ ដែលជនជាតិបរទេសនិយមចូលចិត្ត។ លោកបានបន្ថែមថា បើបងប្អូនប្រជាពលរដ្ឋក្នុងស្រុកយកមកលក់ លុះត្រាតែប្រមូលបាន១តោនឡើងទើបក្រុមហ៊ុនទទួលទិញ។

គួរបញ្ជាក់ថា ខ្ញីជ្រក់មួយថង់ទម្ងន់១,៥០គីឡូក្រាម ចាប់ពីតម្លៃ៦ពាន់រៀលឡើងទៅ តាមប្រភេទខ្ញី ក៏ប៉ុន្តែមើមខ្ញីទាំងនោះ ត្រូវបានទិញមកពីប្រទេសចិន ប្រទេសថៃ និងខេត្តមណ្ឌលគិរី ដោយក្នុងមួយគីឡូក្រាម៨០០រៀល។ ដូច្នេះទាមទារឲ្យបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្នុងខេត្តពោធិ៍សាត់ នាំគ្នាដាំខ្ញីឲ្យបានច្រើន ដើម្បីយកមកលក់ឲ្យក្រុមហ៊ុន។ ព្រោះថាចាប់តាំងពីពេលដំណើរការមក ក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន បំផុសឲ្យបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងខេត្តពោធិ៍សាត់ នាំគ្នាដាំខ្ញីឲ្យបានច្រើនដែរ ប៉ុន្តែរហូតមកដល់ពេលនេះជាងពីរឆ្នាំហើយ មិនទាន់មានប្រជាពលរដ្ឋណា យកខ្ញីមកលក់ឲ្យក្រុមហ៊ុននៅឡើយទេ។ ជាក់ស្ដែងក្រុមហ៊ុនបានសរសេរស្លាកសញ្ញាជូនដំណឹង នៅនឹងក្លោងទ្វាថា មានទទួលទិញខ្ញីចាប់ពីខែសីហា។ មកដល់ពេលនេះជិតមួយខែហើយ ក៏នៅតែមិនទាន់មានបងប្អូនប្រជាពលរដ្ឋណា យកខ្ញីមកលក់នៅឡើយដែរ៕ (Ti Amo)

 

photo_2017-08-25_15-19-01 photo_2017-08-25_15-19-06 photo_2017-08-25_15-19-08 v-3-05-17-28

 

 






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧