ឯកឧត្តម ម៉ៅ ធនិន៖ គ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺចាប់កំណើតក្នុងថ្ងៃជាមួយគ្នា (០៧ មករា ១៩៧៩) ដូច្នេះត្រូវចូលរួមការពារ និងថែរក្សានូវតម្លៃសុខសន្តិភាព ដែលកំពុងតែមានទាំងអស់គ្នា

sovanney lor | សីហា ២៦, ២០១៧ ១១:១៧ ល្ងាច


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ បានជម្រុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារ ថែរក្សានូវតម្លៃនៃសុខសន្តិភាព ឲ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ទើបអាចធានាបាន នូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើនថែមទៀត។ ជាពិសេសត្រូវបន្តពង្រឹង និងពង្រីកបន្ថែមសំឡេងគាំទ្រ ធ្វើយ៉ាងណារក្សាកម្លាំងចាស់ និងគៀងគរសំឡេងថ្មី បោះឆ្នោតជូនគណបក្សប្រជាជននាឆ្នាំ២០១៨ខាងមុខ។

ឯកឧត្តម ម៉ៅ ធនិន បានជម្រុញបែបនេះ នៅបរិវេណវិហារឥស្លាមស្វាយប៉ាក ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក្នុងឱកាសប្រគល់ជូនជានិមិត្តរូប នូវសត្វគោចំនួន៨០ក្បាល ដល់តំណាងភូមិខ្មែរឥស្លាម ចំនួន៤០ភូមិ ទូទាំងខេត្ត ជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជននៅប្រទេសម៉ាឡេស៊ី តាមរយៈលោក យូ ពីយ៉ាន និស្សិតខ្មែរឥស្លាម រៀននៅប្រទេសម៉ាឡេស៊ី ជាកូនរបស់លោក យ៉េប យូ ប្រធានហាកឹមភូមិស្វាយប៉ាក ស្រុកភ្នំក្រវាញ ដើម្បីត្រៀមទុកសម្រាប់ធ្វើពិធីបុណ្យរ៉ូយ៉ើហាជី ឬបុណ្យហាច នៃសាសនាឥស្លាមទូទាំងសកលលោក ដែលគ្រោងធ្វើនៅដើមខែកញ្ញាខាងមុខនេះ។

ឯកឧត្តម ម៉ៅ ធនិន ក៏បានកោតសសើរពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាតាមមូលដ្ឋាន ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ជាមួយនឹងកិច្ចសហការយ៉ាងល្អ របស់មន្រ្តីគណៈចលនាពីថ្នាក់កណ្តាលដល់មូលដ្ឋាន ធ្វើឲ្យសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា របស់សាសនិកឥស្លាម ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅថ្មីៗនេះ គឺបានទទួលជ័យជម្នះ និងភាគរយខ្ពស់ហួសពីការស្មាន ជាពិសេសការិយាល័យ ដែលមានសាសនិកឥស្លាមរស់នៅច្រើន គឺសុទ្ធតែបានសម្លេងបក្សប្រជាជនឈ្នះដាច់។ ឯកឧត្តមបានលើកឡើងថា ថ្វីត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ពិតមែន ក៏ប៉ុន្តែសាសនាណា ក៏ដូចសាសនាណាដែរ ពោលគឺដឹកនាំយើងទៅរកផ្លូវល្អ ត្រឹមត្រូវ មានគុណធម៌ សច្ចៈធម៌ សច្ចៈភាព ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ និយាយជារួម និងនិយាយដោយឡែក គ្រប់សាសនាទាំងអស់ដែលមាននៅក្នុងប្រទេសកម្ពុជា បានចាប់កំណើតក្នុងថ្ងៃជាមួយគ្នា គឺថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយបានគុណដ៏ធំធេងរបស់សម្ដេចទាំង៣ រំដោះផុតពីរបបទមិឡឥតសាសនា ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

យ៉ាងណាមិញ ឯកឧត្តមបានរំលឹកថា នៅសល់តែប៉ុន្មានខែប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ហើយ ដូច្នេះពលរដ្ឋខ្មែរឥស្លាម ត្រូវខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តទាំងអស់គ្នា រួមជាមួយនឹងប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីបំពេញកិច្ចការ រក្សាការពារនូវសុខសន្ដិភាព និងការរីកចម្រើនសម្រាប់ខ្លួនឯង ក្នុងការទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕ (Ti Amo)

https://web.facebook.com/pursatprovincialhall855/videos/1982548242034952/

IMG_6413 IMG_6428 IMG_6441 IMG_6459 IMG_6465 IMG_6493 IMG_6499 IMG_6501 IMG_6508 IMG_6528






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧