អភិបាលខេត្តពោធិ៍សាត់ បន្ថែមអ្នករត់តាក់ស៊ីប្រមាណ ៧៩នាក់ទៀត នៅទូទាំងក្រុងពោធិ៍សាត់ ធ្វើជាគ្រួសារតែមួយ

sovanney lor | សីហា ២៧, ២០១៧ ៩:៥៨ ព្រឹក


(ពោធិ៍សាត់)៖ បន្ទាប់ពីទទួលបានមហាគ្រួសារម៉ូតូឌុប មហាគ្រួសារគ្រូបង្រៀន មហាគ្រួសារនិវត្តន៍ជន ក៏ដូចជាមហាគ្រួសារជាង ទូទាំងខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានបន្តទទួល និងបង្កើតឲ្យមានគ្រួសារអ្នករត់តាក់ស៊ីបន្ថែមទៀត ដើម្បីរួមសុខ រួមទុក្ខជាមួយគ្នា និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ក្នុងនាមក្រុមគ្រួសារតែមួយ រាល់បញ្ហាប្រឈមក្នុងការប្រកបរបររកស៊ីទទួលទានប្រចាំថ្ងៃ។ ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំសណ្ឋាគារ ខេ អឹម ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង សង្កាត់ និងបងប្អូនក្រុមគ្រួសារអ្នករត់តាក់ស៊ីយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា នេះជាលើកទី១ហើយ ដែលលោកបានជួបសំណេះសំណាល ជាមួយបងប្អូនអ្នករត់តាក់ស៊ីទាំងអស់ទូទាំងក្រុងពោធិ៍សាត់ ប្រមាណ៧៩នាក់ ហើយថ្ងៃនេះលោកចង់ឃើញនូវស្នាមញញឹម របស់បងប្អូនអ្នករត់តាក់ស៊ីទាំងអស់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នា ងាយស្រួលពេលមានបញ្ហាអ្វីកើតឡើង ត្រូវជួយគ្នាទៅវិញទៅមក ក្នុងនាមគ្រួសារតែមួយ។

ឯកឧត្តមបានថ្លែងការកោតសរសើរដោយស្មោះ ចំពោះបងប្អូនអ្នករត់តាក់ស៊ី​ ដែលបានខិតខំរកស៊ីទទួលទាន សម្រាប់ដោះស្រាយជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយសុច្ចរិត ប្រកប​ដោយភាពសុខសាន្ត។​ ជាមួយគ្នានោះ ឯកឧត្តមបានកត់សំគាល់ឃើញថា បងប្អូនដែលមានមុខរបររត់តាក់ស៊ី ទាំងអាជីពក្តី ឬអត់អាជីពក្តី គឺសុទ្ធតែជាធន​ធាន​មនុស្ស​ដ៏មានសារៈសំខាន់ ព្រោះថាអ្នកទាំងនោះ បានធ្វើដំណើរគ្រប់ច្រកល្ហករាល់ថ្ងៃ អាចបានដឹងព័ត៌មានពីមូលដ្ឋានច្រើន ទាំងវិជ្ជមាន និងអវិជ្ជមាន ជាពិសេសការងារសន្តិសុខ និងការងារ​អភិវឌ្ឍន៍ ដើម្បីផ្តល់ជូនឱ្យថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បានដឹង ​និងចុះទៅ​ដោះស្រាយឱ្យបានទាន់ពេលវេលា។

យើងដឹង​ហើយថា ថ្វីត្បិតតែនៅទូទាំងប្រទេស មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងណាក៏ដោយ ក៏យើងនៅតែពង្រឹង សម្តៅធ្វើយ៉ាង​ណាឱ្យមូលដ្ឋានរបស់ខ្លួន ទទួលបានភាពកក់ក្តៅ ភាពសុខសាន្ត និងធ្វើឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើង​។

ឯកឧត្តមបានថ្លែងថា ក្នុងនាមមេគ្រួសារ ឯកឧត្តមក៏បានសំណូមពរទៅដល់​បងប្អូន មានមុខរបររត់តាក់ស៊ី ត្រូវខិតខំប្រឹងប្រែង តស៊ូ ព្យាយាម អត់ធ្មត់ ចេះរួបរួមសាមគ្គីជួយគ្នាទៅវិញទៅមក កុំឱ្យមាន​ការថ្នាំងថ្នាក់ ដែលនាំ​ឱ្យមានការប៉ះពាល់ដល់ការរកទទួលទាន ប៉ះពាល់ដល់សង្គម ហើយបើមានករណីណាមួយកើតឡើង សូមរាយការណ៍ ឬទូរស័ព្ទមកឯកឧត្តមដោយផ្ទាល់ ដើម្បីរួមគ្នាធ្វើការសម្របសម្រួល ដោះស្រាយភ្លាមៗ និងត្រូវមានជំនឿជឿជាក់​មកលើរដ្ឋអំណាច​មូលដ្ឋាន ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល ខិតខំកសាងបានសមិទ្ធផលជាច្រើន ដូចនេះត្រូវចេះ​ថែរក្សាការពារសមិទ្ធផល​នោះ ឲ្យបានយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយៗទៀត​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានដោះស្រាយបញ្ហាមួយចំនួន ទាក់ទងនឹងបងប្អូនអ្នករត់តាក់ស៊ី ជាមួយអ្នកទទួលម៉ៅការបេន និងបានអំពាវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងបានឧបត្ថម្ភថវិកា និងអង្ករប្រចាំខែ ដល់លោក ប៊ិន សារ៉ាន់ ជាអ្នករត់តាក់ស៊ី មានជំងឺប្រចាំកាយ, ឧបត្ថម្ភរទះរុញ និងអង្ករប្រចាំខែ ដល់ក្រុមគ្រួសារអ្នករត់តាក់ស៊ីយើង ៤នាក់ ដែលពិការភាពមានការលំបាក និងបានរៀបចំឲ្យមានកម្មវិធីពិសាបាយសាមគ្គីជួបជុំគ្នានាឱកាសនោះផងដែរ៕ (Ti Amo)

IMG_6576 IMG_6587 IMG_6595 IMG_6605 IMG_6606 IMG_6611 IMG_6621 IMG_6630 IMG_6633 IMG_6638 IMG_6653 IMG_6658 IMG_6607 IMG_6610






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧