វិទ្យាល័យ ហ៊ុន សែន រំលេច ទទួលបានមណ្ឌលសិក្សាថ្មីមួយខ្នង ពីរបន្ទប់ ពីសប្បុរសជន តាមរយៈអង្គការ JGG

sovanney lor | សីហា ២៩, ២០១៧ ១១:៤២ ព្រឹក


(ពោធិ៍សាត់)៖ សមិទ្ធិផលមណ្ឌលសិក្សាថ្មីមួយខ្នង ជាអំណោយរបស់អង្គការ ជេ ជី ជី(JGG) ផ្ដល់ជូនវិទ្យាល័យ ហ៊ុន សែន រំលេច ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ដែលទើបស្ថាបនារួច បានធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ក្នុងឱកាសនោះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត លោក ខូយ រីដា អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត មេឃុំ មេភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាង៦០០នាក់។

លោក សៅ ដារឿន អភិបាលស្រុកបាកាន បានជម្រាបជូនថា មណ្ឌលសិក្សាថ្មីនេះ ធ្វើអំពីថ្មប្រក់ក្បឿង មានបណ្ដោយ១៣,៦ម៉ែត្រ ទទឹង៨,៣ម៉ែត្រ ចំណាយអស់ថវិកាជាង ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ ចនជីវ៉ូណេតទិ ហៅកាត់ថា (JGG )ដែលមានលោក ចន ផាវេស៊ី និងលោកស្រី គង់ សុខារី នៅសហរដ្ឋអាមេរិក ជានាយកប្រតិបត្តិ។ មណ្ឌលសិក្សាថ្មីនេះកសាងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បញ្ចប់ជាស្ថាពរនៅថ្ងៃទី២៨ ខែមេសា ទើបតែធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ។

លោកស្រី គង់ សុខារី និងលោក ចន ផាវេស៊ី ជាម្ចាស់អំណោយបានឲ្យដឹងថា មណ្ឌលសិក្សានេះ បំពាក់ដោយគ្រឿងបរិក្ខា ប្រព័ន្ធអ៊ិនធឺណិត ម៉ាស៊ីនកុំព្យូទ័រ ព្រមទាំងបង្រៀនកុំព្យូទ័រ និងភាសារអង់គ្លេស ដល់សិស្សានុសិស្សក្រៅម៉ោងទៀតផង។ លោកស្រី គង់ សុខារី បានជំរាបជូនថា មូលហេតុដែលនាំឲ្យលោកស្រីដឹកនាំអង្គការ (JGG) នៅសហរដ្ឋអាមេរិក មកជួយកសាងមណ្ឌលសិក្សានៅវិទ្យាល័យ ហ៊ុន សែន រំលេចនេះ ដោយសារលោកស្រីមានដើមកំណើតនៅខេត្តពោធិ៍សាត់។ កន្លងមកនេះអង្គការបានជួយកសាងបណ្ណាល័យ និងអគារសិក្សានៅវិទ្យាល័យ ហ៊ុនសែន បាក់ចិញ្ចៀន ស្រុកភ្នំក្រវាញផងដែរ។

ឯកឧត្តម ស៊ុយ សែម បានថ្លែងកោតសរសើរចំពោះលោក ចន ផាវេស៊ី និងលោកស្រី គង់ សុខារី ដែលបានចំណាយកម្លាំងកាយចិត្ត និងថវិកា ក្នុងការកសាងសមិទ្ធផលទាំងនេះ ជូនដល់ប្រជាជនកម្ពុជា ជាពិសេសក្មួយៗជាទំពាំងស្នងឫស្សី។ នេះគឺជាផ្នែកមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល បច្ចុប្បន្នដោយផ្ដោតជាពិសេសលើគោលនយោបាយជាអាទិភាព០៤ គឺធនធានមនុស្ស ទឹក ភ្លើង និងផ្លូវ។ ឯកឧត្តមសូមឲ្យ លោក ចន ផាវេស៊ី និងលោកស្រី គង់ សុខារី បន្តជួយដល់ប្រទេសកម្ពុជាជាបន្តទៀត ទាំងវិស័យអប់រំ និងវិស័យផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់នេះ។ ចំពោះក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រទាំងអក្សរសាស្ត្រខ្មែរ និងអក្សរសាស្ត្របរទេស កុំប្រព្រឹត្តអំពើអបាយមុខដែលសង្គមស្អប់ខ្ពើម នាំឲ្យខូចអនាគត។ ដោយឡែកឪពុកម្ដាយអាណាព្យាបាលសិស្ស ត្រូវមានឆន្ទះជួយអប់រំទូន្មានប្រៀនប្រដៅកូន ឲ្យមានសីលធម៌ល្អ និងជម្រុញពួកគេបានទៅរៀនគ្រប់ៗគ្នា។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានជូនលិខិតថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយ និងចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្សដែលចូលរួមផងដែរ៕ (Ti Amo)

21167725_1659750887379215_9188691136105224026_o 21167718_1659751740712463_2806011954509290114_o 21167648_1659751530712484_690533310647735340_o 21167547_1659751130712524_8345976442540304463_o 21125514_1659751084045862_4806028644179291093_o 21122625_1659750540712583_262034480124785406_o 21122374_1659752057379098_7346068794666376399_o 21083663_1659751770712460_8101793730435270734_o 21083556_1659752154045755_438889766740790163_o 21083358_1659750247379279_1587635406641030637_o 21082908_1659751390712498_6673856890232036108_o

 






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧