អភិបាលខេត្តពោធិ៍សាត់ ណែនាំមន្ត្រីមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះជួបផ្ទាល់ជាមួយពលរដ្ឋតាមខ្នងផ្ទះ ជាពិសេសផ្ដល់នូវសេវាសាធារណៈជូនពួកគាត់ ឲ្យបានរហ័សទាន់ចិត្ត

sovanney lor | កញ្ញា ១, ២០១៧ ១១:៥០ ល្ងាច


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ បានដាក់ទិសដៅទៅដល់គណៈបញ្ជាការឯកភាពស្រុក ក្រុង និងមន្ទីរអង្គភាពនានាជុំវិញខេត្តត្រូវប្រើប្រាស់ភ្នែក ឲ្យបានច្រើនជាងប្រើត្រចៀក ទើបអនុវត្តន៍ការងារទៅបានរលូន ចំគោលដៅ និងទទួលបានលទ្ធផលជោគជ័យ។ ជាមួយគ្នានោះ ត្រូវយកចិត្តទុកដាក់ ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ជាពិសេសផ្ដល់នូវសេវាសាធារណៈជូនពួកគាត់ ឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់។

ឯកឧត្តម ម៉ៅ ធនិន បានដាក់ទិសដៅបែបនេះ នៅសាលប្រជុំសាលាខេត្ត ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែ ដោយបានការចូលរួមពីគណៈបញ្ជាការឯកភាពស្រុក ក្រុងថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអង្គការដែលមានការពាក់ព័ន្ធ ជិត១០០នាក់។

បន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុក ក្រុង និងបណ្តាមន្ទីរអង្គភាពមួយចំនួនបានលើកឡើង ពីបញ្ហាប្រឈមដែលកើតឡើងនៅមូលដ្ឋានរបស់ខ្លួន និងការចូលរួមបំពេញបន្ថែម របស់លោកនាយករដ្ឋបាលខេត្តរួចមក ឯកឧត្តម ម៉ៅ ធនិន បានដាក់ចំណាត់ការយ៉ាងម៉ឺងម៉ាត់ ចំពោះបទល្មើសព្រៃឈើ ជលផល ដែលសកម្មភាពទាំងអស់នេះតែងតែកើតមាន ដដែលៗ ហេតុនេះសូមឱ្យអាជ្ញាធរដែនដី មន្ត្រីជំនាញ និងស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវប្រើប្រាស់ភ្នែក ឱ្យបានច្រើនជាងត្រចៀក ក្នុងការងារសហការចុះបង្ក្រាប និងរកមុខសញ្ញាសកម្មជនដីធ្លី ដែលចូលមកកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹកតំបន់៣ ព្រមទាំងបទល្មើសនេសាទ ចាត់ការទៅតាមផ្លូវច្បាប់។

ចំពោះអង្គការអភិរក្សធនធានធម្មជាតិ ដែលបានការទទួលស្គាល់ពីថ្នាក់ក្រសួង ហើយបាននឹងកំពុងធ្វើសកម្មភាពនៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងមូលដ្ឋានស្រុកកណ្តៀង ត្រូវមានការសហការជាមួយអាជ្ញាធរដែនដី និងជំនាញ ជាពិសេសគណៈបញ្ជាការឯកភាពខេត្តជាមុន រាល់ពេលចុះធ្វើសកម្មភាពសិក្សាស្រាវជ្រាវ រកមុខសញ្ញាល្មើសច្បាប់ ប៉ុន្តែហាមដាច់ខាតកុំលូកដៃចូលរួមជាមួយជនល្មើស។

ឯកឧត្តម ម៉ៅធនិន បានសម្តែងការកោតសរសើរ ដល់អាជ្ញាធរ ដែនដី កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលបានខិតខំប្រឹងប្រែង បំពេញការងារទទួលបានជោគជ័យ។ យើងដឹងហើយថា នៅថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺជាថ្ងៃចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតចាស់ ឆ្នាំ២០១៦ ជូនប្រជាពលរដ្ឋកម្ពុជា ដូច្នេះត្រូវបន្តសម្រួលការងារផ្តល់សេវាសាធារណៈ និងពង្រឹងការងាររក្សាសន្តិសុខ នៅតាមការិយាល័យបោះឆ្នោតគ្រប់ឃុំ-សង្កាត់ទាំងអស់ ទូទាំងខេត្ត។

ឯកឧត្តម ម៉ៅ ធនិន បានបនែ្ថមថា នៅថ្ងៃទី១១-១៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ឯកឧត្តមនឹងដឹកនាំប្រតិភូរួមមានថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរក្រុង ទៅចូលរួមទទួលពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពបរិស្ថាន នៅទីក្រុងដារូសសាឡឹម ប្រទេសព្រុយណេ បន្ទាប់ពីបានទទួលការវាយតម្លៃ ក្នុងកិច្ចប្រជុំក្រុមការងារអាស៊ាន ទទួលបន្ទុកនិរន្តរភាពបរិស្ថានទីក្រុងលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រារព្ធឡើងនៅខេត្តសៀមរាប កាលពីចុងខែមេសា ឆ្នាំ២០១៧កន្លងទៅ។ ហើយនេះជាមោទនភាពផងដែរ នៅពេលដែលទទួលបានពានរង្វាន់ត្រឡប់មកវិញ ឯកឧត្តមនឹងចាត់ឲ្យមន្ទីរអង្គភាពជុំវិញខេត្ត រងចាំអមដំណើរ និងអបអរសាទរទទួលពានរង្វាន់នេះ នៅលើបូរីវប្បធម៌កោះសំពៅមាស ដែលមានសមាសភាពចូលរួមជាង១ពាន់នាក់៕ (Ti Amo)

IMG_6958

IMG_7034

6174661856_IMG_7294

6174661856_IMG_7297

6174661856_IMG_7298

6174661856_IMG_7300

6174661856_IMG_7302

6174661856_IMG_7304

6174661856_IMG_7307

6174661856_IMG_7314

6174661856_IMG_7306

6174661856_IMG_7321

6174661856_IMG_7318






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧