ឯកឧត្តម ម៉ៅ ធនិន ណែនាំឲ្យសមាជិកបក្ស យកចិត្តទុកដាក់ក្រេបជញ្ជក់ ស្តាប់គ្រូឧទ្ទេស តាមរយៈការសិក្សាវគ្គអប់រំនយោបាយ លើកទី២ ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ ដើម្បីឈានទៅទទួលបានជោគជ័យនៅពេលខាងមុខ

sovanney lor | កញ្ញា ៨, ២០១៧ ៩:២៤ ព្រឹក


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានណែនាំឱ្យសមាជិក សមាជិកាបក្ស សូមយកចិត្តទុកដាក់ក្រេបជញ្ជក់ ស្តាប់គ្រូឧទ្ទេស និងគោរពពេលវេលា តាមរយៈនៃការសិក្សារយៈពេល៣ថ្ងៃនេះ ដើម្បីឱ្យការយល់ដឹងកាន់តែស៊ីជម្រៅឡើង ដោយមិនចង់ឃើញយុវជនជាធនធានមនុស្សដ៏សំខាន់ ត្រូវគេបង្វិល ឬអូសទាញ ពុំមានមូលដ្ឋានច្បាស់លាស់ ប៉ះពាល់ដល់កិត្តិយសខ្លួន និងក្រុមគ្រួសារនោះឡើយ។

ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញបើកវគ្គអប់រំនយោបាយ របស់គណបក្សខេត្ត លើកទី២ ឆ្នាំ២០១៧ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាសាខាគណបក្សមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានសិក្ខាកាមចូលរួមចំនួន៨៧រូប ក្នុងនោះស្រី២២រូប នៅស្នាក់ការគណបក្សប្រជាជនខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍ថា វគ្គបំប៉នខាងលើនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈការសម្របសម្រួលពីគ្រូឧទ្ទេសនាម ដែលមានបទពិសោធន៍ ៥រូប ផ្តោតទៅលើមេរៀនសំខាន់ចំនួន៥ រួមមាន៖ ១-គណបក្សប្រជាជនកម្ពុជា និងប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍ នៃការដឹកនាំ របស់គណបក្ស។ ២-គោលការគ្រឹះ នៃកម្មវិធីនយោបាយរបស់គណបក្ស។ ៣-ការងារយល់ដឹងមួយចំនួន អំពីលក្ខណន្តិកៈ គណបក្សប្រជាជនកម្ពុជា។ ៤-សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ។ ៥-ការកសាងអត្តចរិក សីលធម៌ល្អប្រពៃ របស់មន្ត្រីគណបក្ស។

ឯកឧត្តមបានជម្រាបជូនដែរថា គណបក្សប្រជាជនកម្ពុជា បានប្រសូត្រចេញពីចលនាតស៊ូ និងបានបដិសន្ធិឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថាបក្សប្រជាជនបដិវត្តខ្មែរ ឆ្លងកាត់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្រជាច្រើន និងប្រកាន់ភ្ជាប់ឥតប្រែប្រួល នូវឧត្តមគតិរបស់ខ្លួននោះ គឺឈរនៅខាងប្រជាជន រួមសុខរួមទុក្ខគ្រប់កាលៈទេសៈ ជម្នះគ្រប់ឧបសគ្គឥតរុញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធចាត់តាំងពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋានទូទាំងប្រទេស គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានធ្វើឱ្យសង្គមជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាងនេះទៅទៀតគណបក្សប្រជាជនកម្ពុជា តែងតែធ្វើការបណ្តុះបណ្តាល អប់រំឱ្យមន្ត្រីគ្រប់ៗរូប សាងតែនូវអំពើល្អ បង្កើននូវចំណងសាមគ្គីឯកភាព ដូចថែរក្សាក្រសែភ្នែករបស់ខ្លួន ឱ្យស្របទៅនឹងកេរ្តិ៍ឈ្មោះថា គឺជាគណបក្សចាស់ទុំខាងនយោបាយ។

ឯកឧត្តមបានរំលឹកថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ហេតុនេះសូមឱ្យសមាជិក សមាជិកាបក្ស ត្រូវមានទស្សនៈ និងគោលនយោបាយ កាន់តែមានប្រសិទ្ធិភាព និងកាត់បន្ថយភាពអសកម្ម។ ហើយតាមរយៈនៃការសិក្សារយៈពេល៣ថ្ងៃនេះ សូមយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស និងគោរពពេលវេលា រួមទាំងការពិភាក្សាឱ្យបានក្បោះក្បាយ ស៊ីជម្រៅ ទៅតាមក្រុម និងបុគ្គលម្នាក់ៗឲ្យកាន់តែប្រសើរឡើង៕ (Ti Amo)

6176637168_IMG_8175

6176637168_IMG_8170 6176637168_IMG_8172 6176637168_IMG_8173 6176637168_IMG_8180 6176637168_IMG_8187 6176637168_IMG_8191 6176637168_IMG_8198 6176637168_IMG_8206 6176637168_IMG_8210






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧