ប្រជាពលរដ្ឋដែលមានទុក្ខលំបាកដោះស្រាយមិនបានជិត៤០០គ្រួសារ ចូលមកដល់សាលាខេត្តពោធិ៍សាត់ដោយផ្ទាល់ សុំឲ្យអភិបាលខេត្តជួយអន្តរាគមន៍ (Video inside)

sovanney lor | កញ្ញា ២៥, ២០១៧ ១២:៣៧ ល្ងាច


(ពោធិ៍សាត់)៖ ជារៀងរាល់ថ្ងៃ! ប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈមដោះស្រាយមិនបាន និងជនចាស់ជរាទីទ័លខ្លាំង នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកមួយចំនួន ក្នុងខេត្តពោធិ៍សាត់ តែងតែទូរស័ព្ទ និងចូលមកដល់សាលាខេត្តផ្ទាល់ ដើម្បីសុំឲ្យឯកឧត្តមអភិបាលខេត្ត ជួយអន្តរាគមន៍ដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់។

ជាក់ស្តែងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរួចមក មានប្រជាពលរដ្ឋជិត៤០០គ្រួសារ បានមកលើកដៃសំពះទាំងទឹកភ្នែក ដើម្បីសុំឲ្យឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជួយដោះស្រាយទុក្ខលំបាកដែលនៅសេសសល់ និងខ្លះទៀតមកសុំស្បៀង។ ឃើញសភាពបែបនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមបានសម្តែងនូវទឹកចិត្តអាណិតអាសូរក្រៃលែង ក៏បានចូលរួមដោះស្រាយឲ្យដូចជាគ្រួសារតែមួយ និងបានជូនស្បៀង សម្រាប់ដោះស្រាយជាបឋមទៅដល់ពួកគាត់ ទៅតាមលទ្ធភាពជាក់ស្តែង។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឳពុកម្តាយគេ បើប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន ហើយរត់មកពឹងពាក់ហើយ ឯកឧត្តមមិនដែលធ្វើព្រងើយនោះទេ បើទោះបីដំណោះស្រាយទាំងនោះ វាមិនពេញតម្រូវការទាំងស្រុងក្តី តែជាការចូលរួមចំណែក និងចែករំលែកនូវក្តីស្រលាញ់ ដែលធ្លាប់រួមសុខ រួមទុក្ខជាមួយនឹងគ្នាជារៀងរហូតមក។ ឯកឧត្តមបានលើកឡើងទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ហើយបានធ្វើឲ្យប្រជាពលរដ្ឋក៏មានការពេញចិត្តគ្រប់ៗគ្នាផងដែរ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានចាត់ឲ្យមន្រ្តីជំនាញក្រោមឱវាទ ខិតខំប្រឹងប្រែងចុះជួយដោះស្រាយគ្រប់ទីកន្លែ​ងក្នុងខេត្ត ពីការលំបាករបស់ប្រជាពលរដ្ឋ​ លើគ្រប់វិស័យ និងបន្តបម្រើប្រជាពលរដ្ឋ​ ឈានទៅរកការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងការលំបាកគ្រប់បែបយ៉ាង ឲ្យកាន់តែស្រួលជាងមុន និងទៅអនាគត។

ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់មានឳពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត៕ (Ti Amo)

IMG_0012 IMG_0017 IMG_0022 IMG_0025 IMG_0030 IMG_0035 IMG_0042 IMG_0044 IMG_0050 IMG_0064 IMG_0075 IMG_0103 IMG_0108 IMG_0115 IMG_0121






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧