អភិបាលខេត្តពោធិ៍សាត់ បញ្ចប់ទំនាស់ដីធ្លី៦ករណីផ្សេងគ្នា នៅស្រុកភ្នំក្រវាញ «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា», រាល់កិច្ចដំណោះស្រាយ ធ្វើឡើងជាលក្ខណៈគ្រួសារ (Video inside)

sovanney lor | តុលា ៤, ២០១៧ ៥:៥៦ ល្ងាច


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានលើកឡើងថា ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋក្នុងខេត្ត និងក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បើប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនមាន ហើយរត់មកពឹងពាក់ហើយ ឯកឧត្តម មិនដែលធ្វើព្រងើយនោះទេ។ ជាក់ស្តែងដូចជាបញ្ហាទំនាស់ដីធ្លីទាំងនេះក្តី ត្រូវបានបញ្ចប់ ដោយប្រជាពលរដ្ឋទទួលបានដំណោះស្រាយសមស្រប «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា» ស្របតាមយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ក្នុងឱកាសចុះសម្របសម្រួល និងធ្វើការដោះស្រាយបញ្ចប់ទំនាស់ដីធ្លី ចំនួន៦ករណីផ្សេងគ្នា ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយបានការចូលរួមពី លោក សូ សាហុង អភិបាលស្រុក លោកប្រធានភូមិបាលស្រុក មេឃុំ មេភូមិ និងភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងកិច្ចដំណោះស្រាយទំនាស់ដីធ្លី ទាំង៦ករណីផ្សេងគ្នា ឯកឧត្តម ម៉ៅ ធនិន បានប្រាប់ភាគីដែលពាក់ព័ន្ធទាំងអស់ថា វត្តមានដែលឯកឧត្តមមកដល់ទីនេះ គឺជាការឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងនាមឯកឧត្តមជាអាណាព្យាបាលប្រជាពលរដ្ឋក្នុងខេត្ត និងក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ ជាការពិតណាស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែរំលឹកដាស់តឿន ដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវដាក់ចិត្តបម្រើប្រជាពលរដ្ឋឲ្យបានល្អ ហើយមិនត្រូវតាំងខ្លួនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋជាដាច់ខាត។ ជាក់ស្តែងដូចជាទំនាស់ដីធ្លីទាំង៦ករណីនេះ គឺនៅសេសសល់ពីមុន ដើម្បីបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះឲ្យបានឆាប់រហ័ស ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា តម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ អ្នកខុសត្រូវទទួលខុស ហើយត្រូវសម្បទានគ្នាទៅវិញទៅមក។

ឯកឧត្តមបានបន្ថែមថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព រវាងបងប្អូនកូនក្មួយ និងអ្នកភូមិផងរបងជាមួយ គឺមានជារៀងរហូត បើបងប្អូននៅតែបន្ត គឺគ្មានអ្វីដែលនៅសេសសល់នោះទេ វាអស់ទៅថវិកា និងពេលវេលា តែបើបងប្អូនយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នាហើយនោះ ខ្ញុំនឹងបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ»។

ផ្អែកតាមយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងប្តឹតមេដៃធ្វើកំណត់ហេតុបញ្ចប់ទំនាស់ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលជាភាគីទំនាស់ និងសាក្សី បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តមអភិបាលខេត្ត ក្នុងចំណាត់ការដោះស្រាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត៕ (Ti Amo)

IMG_0387 IMG_0398 IMG_0407 IMG_0414 IMG_0415 IMG_0423 IMG_0424 IMG_0440 IMG_0450

 






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧