អភិបាលខេត្តពោធិ៍សាត់ ផ្តាំផ្ញើកម្មករក្រុមហ៊ុនចិញ្ចឹមស្វានាំចេញ ជិត១៤០នាក់ ត្រូវរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងចូលរួមថែរក្សាសុខសន្តិភាព ឲ្យបានយូរអង្វែង (Video inside)

sovanney lor | តុលា ៥, ២០១៧ ២:៤៩ ល្ងាច


(ពោធិ៍សាត់) ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ​នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧នេះ បានផ្តាំផ្ញើទៅដល់ក្មួយៗកម្មករ-កម្មការិនី ត្រូវគោរពគោលការណ៍របស់ក្រុមហ៊ុន ត្រូវរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ត្រូវចាត់ទុកគ្នាជាបងជាប្អូនគ្រួសារតែមួយ និងត្រូវថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើងដ៏ល្អផូផង់ កុំឲ្យបរទេសឈ្លានពាន និងវាយតម្លៃ ជាពិសេសកុំជឿលើការឃោសនារបស់ជនខិលខូចមួយចំនួន។

ឯកឧត្តមបានផ្តាំផ្ញើបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល និងនាំយកអំណោយ ទៅចែកជូនកម្មករ-កម្មការិនីជិត១៤០នាក់ ជាលើកទី៣ ដែលបម្រើការងារក្នុងក្រុមហ៊ុនចិញ្ចឹមស្វានាំចេញ វ៉ាន់នី បាយអូ រីស៊ើច ខេមបូឌា (Vanny Bio Reserch Cambodia) ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឯម ប៊ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់, លោក ថម មី អគ្គនាយករងក្រុមហ៊ុន, ប្រធានមន្ទីរជំនាញ, អាជ្ញាធរក្រុង, ចៅសង្កាត់ និងបងប្អូនកម្មករ-កម្មការិនីជាច្រើនអ្នកទៀត។

ថ្លែងទៅកាន់កម្មករ-កម្មការិនីនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានសម្តែងទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាក្រុមគ្រួសារតែមួយ និងបានលើកឡើងថា នេះជាលើកទី៣ហើយ ដែលឯកឧត្តម​បានជួបសំណេះសំណាលជាមួយក្មួយៗ ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា។ ក្រោយពីបានស្តាប់នូវសំណូមរបស់លោក ថម មី អគ្គនាយករងក្រុមហ៊ុនរួចមក ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនអាចដំណើរការទៅបាន ក៏ត្រូវការកម្លាំងរបស់ក្មួយៗ ហើយក្រុមហ៊ុនអាចឈរជើងនៅលើទឹកដីកម្ពុជាបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ដូច្នេះហើយទាំងក្រុមហ៊ុន និងក្មួយៗ ត្រូវសម្រួល និងផ្តល់លទ្ធភាពឲ្យគ្នាទៅវិញទៅមក ក្នុងការចូលរួមការពារថែរក្សានូវតម្លៃនៃសុខសន្តិភាព ឲ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍ​ឲ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមបានអំពាវនាវ ឲ្យក្មួយៗដែលគ្រប់អាយុបោះឆ្នោត ឬអ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុបោះឆ្នោតហើយ តែមិនទាន់ចុះឈ្មោះ សូមរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ព្រោះនៅសល់តែ៣៥ថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានចែកជូនអំណោយប្រចាំខែ ដល់កម្មករ-កម្មការិនីជិត១៤០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម ព្រមទាំងបន្តចុះសួរសុខទុក្ខ ឧបាសិកា ស្រី យឺន ដែលមានជំងឺប្រចាំកាយ ជាប្រជាពលរដ្ឋរស់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ និងបន្តចុះសម្របសម្រួល ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋទៅតាមសំណូមពរ នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕ (Ti Amo)

IMG_0542 IMG_0547 IMG_0552 IMG_0556 IMG_0564 IMG_0565 IMG_0582 IMG_0586 IMG_0604 IMG_0607 IMG_0619 IMG_0626 IMG_0634 IMG_0641 IMG_0660 IMG_0480 IMG_0496 IMG_0507 IMG_0530 IMG_0479

 

 

 






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧