ឯកឧត្តម ម៉ៅ ធនិន៖ បើវាយតម្លៃទៅលើអ្វី មួយត្រូវប្រើប្រាស់ភ្នែក ឱ្យបានច្រើនជាងប្រើត្រចៀក

sovanney lor | តុលា ៦, ២០១៧ ៤:២៦ ល្ងាច


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ បានក្រើនរំលឹកដល់គ្រប់បណ្តាគណៈបញ្ជាការឯកភាពស្រុក ក្រុង និងមន្ទីរ អង្គភាពជុំវិញខេត្ត បើវាយតម្លៃទៅលើអ្វីមួយ ត្រូវប្រើប្រាស់ភ្នែក ឱ្យបានច្រើនជាងប្រើត្រចៀក ទើបធ្វើមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋយើងរស់នៅបានសុខស្រួល គ្មានការភ័យខ្លាច ហើយបើមានបញ្ហាប្រឈមអ្វីមួយដោះមិនចេញនោះ ត្រូវរួមគ្នាគិត និងរួមគ្នាដោះស្រាយ ប្រកបដោយតម្លាភាព និងយុត្តិធម៌។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងបែបនេះ នៅសាលប្រជុំសាលាខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពស្រុក ក្រុង មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំង៣។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា យើងជាមេមានតួនាទីសំខាន់ណាស់ ក្នុងការសម្របសម្រួល ដោះស្រាយនូវរាល់បញ្ហាប្រឈមនានា របស់មន្ត្រីក្រោមឱវាទ ក៏ដូចក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសទៅលើលិខិតស្នាមផ្សេង ដែលពួកគាត់មកពឹងពាក់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនត្រូវគៀបសង្កត់លើរូបគាត់ តាមរូបភាពណាមួយនោះឡើយ ដោយចាត់ទុកពួកគាត់ ដូចជាក្នុងគ្រួសារតែមួយ។ ជាង៣ឆ្នាំដែលឯកឧត្តមបានមកគ្រប់គ្រងរដ្ឋបាលខេត្ត ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមតែងតែចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដល់គ្រប់ទីកន្លែង ដើម្បីចង់ដឹងពីសុខទុក្ខ និងបញ្ហាប្រឈម រួមគ្នាសម្របសម្រួល និងដោះស្រាយ ដោយគ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់។ ឯកឧត្តមបានបញ្ជាក់ថា នេះដោយសារការប្រើប្រាស់ភ្នែក បានច្រើនជាងប្រើត្រចៀក ហើយបើត្រឹមតែលឺគេថា គេនិយាយ មិនបានឃើញផ្ទាល់ទេនោះ យើងនឹងធ្វើការវាយតម្លៃទៅពិតជាខុស បង្កឲ្យមានការថ្នាំងថ្នាក់ដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋយើងជាក់ជាមិនខាន។

ឯកឧត្តមបានបន្ថែមទៀតថា អំណាច បុណ្យស័ក្កិ តួនាទី ភារកិច្ច រដ្ឋជាអ្នកផ្តល់ឱ្យ ទាំងនោះជារបស់ក្រៅខ្លួន ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមបានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗមួយចំនួន សម្រាប់អនុវត្តបន្ត ដូចជារួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ និងកើតមានថ្មីៗ ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស បង្ការបង្ក្រាបបទល្មើស ព្រៃឈើ ជលផល ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងសកម្មជនដីធ្លី។ល។… ក្រៅពីនោះត្រូវផ្តោតការយកចិត្តទុកដាក់ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យកឋិនទាន អកអំបុក សំពះព្រះខែ បុណ្យប្រពៃណី និងពិធីបុណ្យជាតិ នៅតាមវត្តអារាម និងទីសាធារណៈផ្សេងៗទៀត ឱ្យបានល្អប្រសើរ៕ (Ti Amo)

IMG_0677 IMG_0680 IMG_0681 IMG_0682 IMG_0685 IMG_0687 IMG_0688 IMG_0690






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.pursat@gmail.com, គេហទំព័រ : www.pursat.org.kh Fax: ០២៣៨៨៥៨២៧